ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេស៊ា បានបើកសម្ពោធជាផ្លូវការជើងហោះហើររវាងក្រុងព្រះសីហនុ និងកូឡាឡាំពួរ
ទីក្រុងស៊េប៉ាង ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ - នាថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រារព្ធពិធីសម្ពោធនូវជើងហោះហើរលើកដំបូងរបស់ខ្លួនពីទីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងព្រះសីហនុ ដែលជាទីក្រុងជាប់ឆ្នេរសមុទ្រ ហើយក៏ជាទីក្រុងនៃខេត្តព្រះសីហនុផងដែរ ដែលមានឈ្មោះក្នុងស្រុកមួយទៀតហៅថាក្រុងកំពង់សោម។
ជើងហោះហើរនេះបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (ស្ថានីយចេញដំណើរទី ២) នៅម៉ោង ១២៖១០នាទីថ្ងៃត្រង់ ហើយបានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលមានឈ្មោះមួយទៀតហៅថាអាកាសយានដ្ឋានកងកេង នៅវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក។ អ្នកដំណើរនៅលើជើងយន្តហោះ AK 264 បានទទួលការស្វាគមន៏យ៉ាងកក់ក្តៅជាមួយនឹងរបាំប្រពៃណីខ្មែរនៅពេលធ្វើដំណើរមកដល់ និងការទទួលរាក់ទាក់ពីអ្នកតំណាង Cambodia Airport និងបុគ្គលិកក្រុមហ៊ុន AirAsia។
ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងមានជើងហោះហើរត្រង់ទៅ - មកពីទីក្រុងកូឡាឡាំពួរ និងក្រុងព្រះសីហនុ ចំនួន ៣ ដងក្នុងមួយសប្តាហ៍។ បណ្តាញជើងហោះហើរអន្តរជាតិដ៏ធំរបស់ AirAsia នឹងផ្សារភ្ជាប់ទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ទៅកាន់គោលដៅជាង ១៣០ នៅទូទាំងតំបន់អាស៊ី និងលើសពីនេះ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អូស្ត្រាលី តាមរយៈមជ្ឈមណ្ឌលជើងហោះហើររបស់ខ្លួនក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងទីក្រុងបាងកក ប្រទេសថៃ។