ប្រតិបត្តិការរបស់ AirAsia នៅក្នុងខេត្តសៀមរាបនឹងត្រូវផ្លាស់ប្ដូរទីតាំងទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ចាប់ពីថ្ងៃទី ១៦ តុលា ២០២៣ នេះតទៅ
ទីក្រុងភ្នំពេញ ថ្ងៃទី ១៩ សីហា ២០២៣ - អ្នកដំណើររបស់ AirAsia ដែលធ្វើការហោះហើរទៅកាន់ខេត្តសៀមរាប នឹងទទួលបាន នូវបទពិសោធន៍នៃការធ្វើដំណើរដែលថ្មីមួយ និងល្អប្រសើរ ដោយក្រុមហ៊ុននឹងធ្វើការផ្លាស់ប្ដូរទីតាំងនៃប្រតិបត្តិការទៅកាន់ផ្ទះថ្មីនៅក្នុង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ចាប់ពីថ្ងៃទី ១៦ តុលា ២០២៣ នេះតទៅ។
បន្ទាប់ពីចាប់ផ្ដើមបើកដំណើរការ ក្រុមហ៊ុន AirAsia នឹងមានបញ្ជរដើម្បីធ្វើការចុះឈ្មោះឡើងយន្ដហោះចំនួន ១៦ មានទីតាំងនៅ ស្ថានីយអ្នកដំណើរជួរទី C01 ដល់ជួរទី C16 ដែលនឹងធ្វើឲ្យដំណើរការនៃការចុះឈ្មោះកាន់តែមានភាពរលូននិងប្រសើរជាងមុន។
សម្រាប់ជើងហោះហើរទីមួយរបស់ AirAsia ដែលនឹងធ្វើការចុះចតនៅអាអាកាសយានដ្ឋានថ្មីនេះគឺ AirAsia Malaysia មានជើងហោះហើរកូដ AK542 និង AK540 ដែលហោះហើរពីទីក្រុងកូឡាឡាំពួរ បន្ទាប់មកគឺ Thai AirAsia ដែលមាន ជើងហោះហើរកូដ FD610 FD614 និង FD618 ។ អ្នកដំណើរទាំងអស់សម្រាប់ជើងហោះហើរនេះ នឹងទទួលបានសារជូន ដំណឹងជាមុន មុនការហោះហើរដើម្បីបញ្ជាក់ពីការផ្លាស់ប្ដូរនេះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មានទីតាំងនៅនៅឃុំតាយ៉ក ស្រុកសូទ្រនិគម មានចំងាយប្រហែល ៥៥ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ អាកាសយានដ្ឋានថ្មីនេះនឹងបំពាក់ទៅដោយគ្រឿងបរិក្ខារជាមួយបច្ចេកវិជ្ជាទំនើបចុងក្រោយ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ និងចរាចរទំនិញតាមផ្លូវអាកាស ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរបានដល់ទៅ ៧លាននាក់ ក្នុងមួយឆ្នាំ ជាមួយនិងគម្រោងពង្រីកដើម្បីទទួលយកអ្នកដំណើរនៅក្នុងដំណាក់កាលបន្ទាប់ៗឲ្យបានដល់ទៅ ២០លាននាក់ក្នុងមួយឆ្នាំ មុនឆ្នាំ ២០៥០ ។
ដើម្បីបង្កភាពងាយស្រួលទៅដល់ភ្ញៀវទេសចរណ៍ទាំងអស់ នៅជាន់ផ្ទាល់ដីនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឲ្យមាននូវមធ្យោបាយធ្វើដំណើរផ្សេងៗដូចជា៖ រថយន្ដក្រុង រថយន្ដជួល និងតាក់ស៊ីជាដើម ។
អ្នកដំណើរដែលមានកាបូប និងឥវ៉ាន់ដែលត្រូវចុះឈ្មោះឡើងយន្ដហោះត្រូវបានណែនាំឲ្យធ្វើដំណើរមកដល់អាកាសយានដ្ឋាន យ៉ាងហោចណាស់ ៣ម៉ោងមុនការហោះហើរ ដើម្បីឲ្យការធ្វើដំណើររបស់អ្នក កាន់តែប្រសើរ និងរលូន ។
សម្រាប់ព៌តមានបន្ថែម សូមពិនិត្យមើលសំណួរ-ចម្លើយ នៅទីនេះ ។